latest Post

នគរវ្នំ(នគរភ្នំ) មានរាជធានីនៅបាភ្នំសព្វថ្ងៃ)

ប្រវត្តិសាស្ត្រខ្មែរដំបូង វ្នំ • កម្វុជ (ទឹក-គោក) • កម្វុជទេឝ (ដើមអង្គរ-មហានគរ-ចុងអង្គរ) យុគអន្ធកាលនៃកម្ពុជា ចតុមុខ (កំពង់សៀម-បាសាន្ត-ចតុមុខ) • លង្វែក (មានជ័យ-ស្រឡប់ដូនតី) • ស្រីសន្ធរ • សម័យឧដុង្គ • ការបាត់បង់ដីសណ្ដមេគង្គទៅយួន សម័យអាណានិគម បារាំងលើកទី១ • ជប៉ុន • បារាំងលើកទី២ សហសម័យ សង្គមរាស្ត្រនិយម • រដ្ឋប្រហារ១៩៧០ • សាធារណរដ្ឋខ្មែរ • សង្គ្រាមរដ្ឋប្បវេណី • ការលុកលុយស.រ.-វៀតណាម១៩៧០ • របបខ្មែរក្រហម • ការកាន់កាប់របស់វៀតណាម • សាធារណរដ្ឋប្រជាមានិតកម្ពុជា • អ៊ុនតាក់១៩៩២–៩៣ នគរវ្នំ (ខ្មែរទំនើប: នគរភ្នំ; ថៃ ៖ ฟูนาน; ចិន ៖ 扶南; ភិងអ៊ិង: Fúnán; ទំព័រគំរូ:វៀតណាម -Phù Nam) ជាឈ្មោះដែលជនជាតិខ្មែរហៅឈ្មោះប្រទេសរបស់ខ្លួន។ ចិន អានត្រាប់តាមសូរខ្មែរក្លាយជាភ្វូណាន ឬ​ ហ្វូណន។ នគរវ្នំមានទឹកដីលាតសន្ធឹងពីបឹងទន្លេសាបរហូតដល់ពាមទន្លេមេគង្គ ដែលជាប់ទៅនឹងសមុទ្រ។ រាជធានីវ្យាធបុររបស់នគរវ្នំ កាលនោះប្រហែលស្ថិតនៅបាភ្នំ ខេត្តព្រៃវែងសព្វថ្ងៃ។ ភ្វូណាន 扶南 ឬ ហ្វូ​ណន គឺជាឈ្មោះជាភាសាចិននៃនគរបុរាណមួយដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ។ ការកំណត់ឈ្មោះនេះត្រូវបានគេរកឃើញ នៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិនជាច្រើនដែលពិពណ៌នាពីរដ្ឋនេះ បើតាមចិនបុរាណអានថា ប៊ីយូណាម ដែលជាពាក្យគ្មានន័យអ្វីឲ្យប្រាកដក្នុងភាសាចិនទេ។ ឈ្មោះនេះផ្អែកលើរបាយការណ៍អ្នកការទូតចិនពីរនាក់ដែលតំណាងឱ្យនគរអ៊ូនៅណានជិងដែល​បានស្នាក់នៅ​បណ្ដោះអាសន្ននៅភ្វូណាននៅពាក់កណ្ដាលសតវត្សទីបីនៃគ.ស យ៉ាងណាក៏ដោយ ឈ្មោះ ភ្វូណាន មិនត្រូវបានគេរកឃើញក្នុងអត្ថបទដើមក្នុងស្រុកមួយណាទេ ហើយមិនដឹងថាតើប្រជាជនភ្វូណានហៅប្រទេសខ្លួនឯងថាយ៉ាងម៉េចដែរ។[១] លក្ខណៈធម្មជាតិនៃមនុស្សជាតិពន្ធុភាសាគឺជាប្រធានបទនៃការពិភាក្សាជាច្រើនក្នុងចំណោមពួក​អ្នកឯកទេស។ សម្មតិកម្មនាំមុខគេលើកឡើងថាអ្នកនគរវ្នំភាគច្រើនជាអំបូរមនុស្សមន-ខ្មែរ រឺ ទក្សិណាស៊ី (អូស្ត្រូណេស៊ីយាង)។ មានមតិខ្លះចាត់ទុកថា ភ្វូណានត្រូវនឹងពាក្យថា ព្នង ដោយសំអាងថាកុលសម្ព័ន្ធព្នងដែលរស់នៅលើខ្ពង់រាបសព្វថ្ងៃ ស្ថិតនៅក្នុងអំបូរខ្មែរនេះម្យ៉ាង ហើយម្យ៉ាងទៀតដោយសំអាងថារូបចំលាក់ នៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ បានបង្ហាញថាខ្មែរក្នុងសម័យនោះ មានសំលៀកបំពាក់ និងទំលាប់ខ្លះដូចពួកព្នងដែរ។ ចំពោះរឿងនេះគួរកត់សំគាល់ថាលោកសាស្ត្រាចារ្យ អ៊ែល-ប្រាំផ្ត៍ (L. Brumpt) បានបញ្ជាក់ថា ខ្មែរ និងព្នងពិតជាមានពូជអំបូរជាមួយគ្នាមែន ដោយសំអាងទៅលើលទ្ធផលនៃការសិក្សារបស់លោកទៅលើឈាមក្រហម (អេម៉ូក្លូប៊ីន)។[២]ឈ្មោះដើមមិនត្រូវបានគេស្គាល់ទេ។ ការបកប្រែខ្លះដូចជា នគរវ្នំ ដែលច្រើនស្មានថា ពាក្យភ្វូណាននេះគឺត្រូវបានយកចេញជាញឹកញាប់ពីពាក្យខ្មែរ ព្នំ រឺ វ្នំ (ទំនើប:ភ្នំ) ដោយលោកសឺដេស លោកបានបញ្ជាក់ថា ស្ដេចនៅសម័យនោះមានឋានន្តរនាមថា ស្ដេចភ្នំ ពាក្យខ្មែរបុរាណថា កុរុងវ្នំ ត្រូវនឹងសំស្ក្រឹតថា បវ៌តភូបាល រឺ សៃលរាជ។ ជនជាតិចិនក៏បានយកឋានន្តរនាមនេះប្រើសម្រាប់ ហៅប្រទេសដែលស្ដេចទាំងនោះគ្រប់គ្រងផងដែរ ។ ចំពោះទំលាប់ខាងលើនេះ លោកអឺ-អៃម៉ូនីញ៉េ បានកត់សំគាល់ឃើញថា ក្នុងសម័យបុរាណចិនមិនចេះវែកញែកមនុស្សឲ្យដាច់ពីប្រទេសទេ។ ពួកនេះច្រើនប្រើឈ្មោះតែមួយសំរាប់សំគាល់មនុស្សផងរាជធានីផងប្រទេសទាំងមូលផង រឺ ក៏ឈ្មោះឋានន្តរនាមរបស់អ្នកដឹកនាំផង។ ចំពោះទស្សនៈរបស់លោកសឺដេសនេះ គួរឲ្យកត់សំគាល់ថា ឯកសារចិនបាននិយាយច្បាស់ថាអធិរាជអាណាចក្រវ្នំមានឋានន្តរនាម គូឡុងគឺកុរុង ដែលសព្វថ្ងៃមានន័យថា ស្ដេចសោយរាជ្យ។ បើដូច្នេះ ពាក្យ ភ្វូណាន ចិនហៅតាមឋានន្តរនាមរបស់អធិរាជអាណាចក្រវ្នំគឺកុរុងវ្នំនេះឯង។ ឯការដែលមានឋានន្តរនាមយ៉ាងនេះគឺប្រហែលមកពីភ្នំជាទីកន្លែងដែលអធិរាជឡើងទៅជួបនឹង​ព្រះឥសូរ ឯកសារចិនបាននិយាយថា ព្រះអាទិទេពយាងចុះលើភ្នំម៉ូតាន់ (Mo-tan) ជាញឹកញាប់ ព្រះអង្គបានមកទីនោះដើម្បីបញ្ចេញមហិទ្ធិរិទ្ធិរបស់ព្រះអង្គ ព្រះអធិរាជទាំងឡាយបានទទួលនូវពរជ័យពីព្រះអង្គ ហើយប្រជារាស្ត្រក៏បានសុខចំរើនដោយសារនោះផង។[៣] ក៏ប៉ុន្តែ ណាន 南 ប្រហែលជាមានន័យសាមញ្ញថា ទិសខាងត្បូង ដែលគឺជាករណីយរដ្ឋដទៃទៀតមានឈ្មោះថា អណ្ណាម។ គេមានជំនឿថារដ្ឋនេះត្រូវបានបង្កើតឡើងនៅសតវត្សទី១នៃគ.ស នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលបច្ចុប្បន្នគឺជាទឹកដីវៀតណាម ក៏ប៉ុន្តែលំនៅដ្ឋានរបស់មនុស្សដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងតំបន់នោះប្រហែលជាត្រូវនឹងសតវត្សទី៤ម.គ ទៅវិញទេ។ ថ្វីបើត្រូវបានចាត់ទុកដោយពួកបេសកជនចិនថាជាអាណាចក្រឯកភាពមួយមែន វ្នំ ប្រហែលជាធ្លាប់ជាបណ្ដុំនៃរដ្ឋបុរីមួយចំនួនជួនកាលបានធ្វើសឹក នឹងរដ្ឋផ្សេងមួយទៀត និងនៅពេលមួយក៏បានបង្រួបបង្រួមនយោបាយគ្នាឡើងវិញ។ តិចណាស់ដែលគេដឹងអំពីវ្នំ វាលែងតែវាជារដ្ឋពាណិជ្ជកម្មដែលប្រកបដោយសក្ដានុពល បើតាមភស្តុតាងតាមរយៈការរកឃើញនៃទំនិញរបស់ពួករ៉ូម ចិន និងឥណ្ឌា កំឡុងពេលកំណាយបុរាណវត្ថុនៅកំពង់ផែបុរាណ អូរកែវ (O'Keo រឺ O'Ceo ) ដែលជាញឹកញយត្រូវបានសរសេរដោយភាន់ច្រឡំថាជា Oc Eo (អូរកែវ) នៅវៀតណាមខាងត្បូង។[៦] រាជធានីនៃនគរវ្នំប្រហែលជាដើមឡើយតាំង នៅបរិវេណបាភ្នំក្បែរទីប្រជុំជនបាណាមកម្ពុជាបច្ចុប្បន្ននៅក្នុងខេត្តព្រៃវែង ទំនងជាត្រូវបានគេផ្លាស់ទៅអូរកែវ នៅសម័យក្រោយមកទៀត។ វិខខឺរី (Vickery) [៧] បានច្រានចោលដោយកែតម្រូវលើការប្រកាសរកឃើញទីប្រជុំជនមួយដែលហៅថា វ្យាធបុរ (ទីក្រុងនៃអ្នកប្រមាញ់) ដោយលោកសឺដេស[៨] ពីព្រោះតែលោកបានទាញយកឈ្មោះពី ថឺមូ (Tèmù 特牧) ដែលគេលើកយកមកនិយាយជារាជធានីនៅក្នុងអត្ថបទប្រវត្តិសាស្ត្រចិន ដូច្នេះហើយវាត្រូវនឹងពាក្យខ្មែរថា ទ្មាក់ រឺ ទល្មាក់ ដែលមានន័យថា អ្នកទាក់ មិនមែន អ្នកប្រមាញ់ទេ។ ភាគច្រើនរឿងរ៉ាវដែលគេដឹងពីវ្នំ គឺបានមកពីកំណត់ត្រាពីប្រភពចិន និងចាម ដែលចុះកាលបរិច្ឆេទពីសតវត្សទី៣ដល់ទី៦ និងបានមកពីកំណាយបុរាណវត្ថុ។ គ្មានការស្រាវជ្រាវខាងបុរាណវត្ថុណាមួយត្រូវបានធ្វើឡើងនៅ ក្នុងរដ្ឋនេះក្នុងតំបន់ដីសណ្ដទន្លេមេគង្គ របស់កម្ពុជាជាច្រើនទសវត្សមកហើយ ហើយតំបន់នេះប្រាកដជា ជាទីតាំងដែលគេបានស្មានទុកថាជា ទីតាំងនៃរាជធានីជាច្រើននៃវ្នំ។ [៩] វ្នំត្រូវបានគេចាត់ទុកថាជានគរខ្មែរដំបូង (កាលនៅនគរវ្នំមិនដឹងថាអ្នកស្រុកហៅជាតិខ្លួនឯងថាម៉េចទេ វាលែងតែសម័យចេនឡាទើបយើងដឹងថាអ្នកស្រុកហៅខ្លួនឯងថាក្មេរ) និងជានគរមុនកម្វុជទេឝ។ ប្រភព អ្នកប្រាជ្ញសម័យទំនើបទីមួយដែលកសាងប្រវត្តិសាស្ត្រនៃរដ្ឋបុរីវ្នំបុរាណឡើងវិញគឺលោក​ប៉ូល-ពេល្យោ​ដែលក្នុងអត្ថបទ​ប្លែកជាងគេ ឡឺភ្វូណន នៅឆ្នាំ ១៩០៣ បានទាញកំណត់ត្រាប្រវត្តិសាស្ត្រចិនដោយឡែកៗដើម្បីពិពណ៌នាពីលំដាប់ព្រឹត្តិការណ៍តាមឯកសារ​ដែលភ្ជាប់ទៅ​នឹងការបង្កើតវ្នំនៅ​ប្រហែលសតវត្សទី១នៃគ.ស ជាមួយការរលំរលាយទៅវិញដោយការសញ្ជ័យនៅសតវត្សទី៦ដល់ទី៧។ កត្តាសំខាន់នៃប្រភពចិនរបស់លោកពេល្យោបានបង្ហាញការសង្ស័យចំពោះការយល់ឃើញក្នុងសេចក្ដី​សន្និដ្ឋានរបស់លោក។[១០] កំណត់ត្រាចិនដែលចុះកាលបរិច្ឆេទចាប់ពីសតវត្សទី៣នៃគ.ស ដែលចាប់ផ្ដើមជាមួយ សានគ័រជី 三國志 (តំរានគរបី) បានបញ្ចប់នៅឆ្នាំ ២៨៩គ.ស ដោយលោកហ្ឆឹនឝូ 陳壽 (២៣៣-២៩៧) កត់ត្រាការមកដល់នៃគណៈទូតវ្នំពីរនៅឯសវនការនៃ ហ្លីតាយ 呂待 ចៅហ្វាយខេត្តនៅនគរអ៊ូ 吳 ចិនខាងត្បូង: គណៈទូតទីមួយបានមកដល់នៅរវាងឆ្នាំ ២២៥ និង ២៣០ គ.ស លើកទីពីរនៅឆ្នាំ ២៤៣។[១១] ប្រភពក្រោយៗដូចជា លាំងឝ៊ូ 梁書 (ក្រាំងលាំង) របស់ហ្យ៉ោឆា 姚察 (៥៣៣-៦០៦) និង ហ្យ៉ោហ្ស៊ឺហ្លៀន 姚思廉 (ស.៦៣៧) បានបញ្ចប់នៅឆ្នាំ ៦៣៦ ពិភាក្សាលើបេសកកម្មនៃបេសកជនចិនសតវត្សទី៣ ខាងថាយ 康泰 និង ជូយិង 朱應 ពីនគរអ៊ូទៅវ្នំ។ សំណេរនៃបេសកជនទាំងនេះ ទោះបីវាមិនស្ថិតនៅក្នុងស្ថានភាពដើមក៏ដោយ ក៏ត្រូវបានគេដកស្រង់និងវាគួរតែបានរក្សាទុកក្នុងប្រវត្តិសាស្ត្ររាជវង្សក្រោយៗមកទៀត ហើយនិងបង្កើតជាមូលដ្ឋានសំខាន់ដើម្បីឱ្យយើងយល់ដឹងច្រើនអំពីវ្នំ។ ចាប់តាំងពីការបោះពុម្ពផ្សាយអត្ថបទរបស់លោកពេល្យោ កំណាយបុរាណវត្ថុនៅវៀតណាម និងកម្ពុជា ជាពិសេសកំណាយនៃស្ថានីយ៍មួយចំនួនដែលជាប់ទាក់ទងនឹងវប្បធម៌អូរកែវ បានគាំទ្រនិងបង្គ្រប់ការសន្និដ្ឋានរបស់លោក។ សិលាចារឹកក្នុងតំបន់មួយចំនួនបានរកឃើញនៅវៀតណាមនិងកម្ពុជា ជាពិសេសសិលាចារឹកនៃប្រាសាទប្រាំល្វែងនៅ “វាលប្របុស” និងនៅមីសឺន ក្បែរដាណាង ក៏បានជួយដល់ការកសាងប្រវត្តិសាស្ត្រវ្នំឡើងវិញដែរ។ ប្រវត្តិ ដើមកំណើត នគរវ្នំត្រូវបានគេគិតថាបង្កើតឡើងនៅក្នុងសតវត្សទី១នៃគ.ស នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលបច្ចុប្បន្នគឺជាទឹកដីវៀតណាម[៤] ភស្តុតាងបុរាណវត្ថុបង្ហាញថាមានការតាំងទីលំនៅដ្ឋាននៃមនុស្សដ៏ច្រើន នៅតំបន់នេះប្រហែលជាត្រឡប់ទៅដល់សម័យសតវត្សទី៤ម.គ វិញ។ ថ្វីបើត្រូវបានចាត់ទុកដោយពួកបេសកជនចិនថាជាអាណាចក្រឯកភាពមួយក៏ដោយ ក៏នគរវ្នំប្រហែលជាបណ្ដុំនៃរដ្ឋបុរីដែលជួនកាលបានធ្វើចំបាំងជាមួយនិងរដ្ឋដទៃផ្សេងទៀត ហើយនៅពេលក្រោយមកទៀតក៏បានបង្រួបបង្រួមនយោបាយឡើងវិញ។[៥] ដើមកំណើតពិតនៃពួកអ្នកនគរវ្នំគឺជាប្រជាជនដើម ដែលតាំងលំនៅនៅវៀតណាមខាងត្បូងសព្វថ្ងៃនេះ ដែលចាត់ទុកខ្លួនឯងថាជា ខ្មែរ រឺ ខ្មែរក្រោម។ ពាក្យខ្មែរ ក្រោម មានន័យថា ខាងក្រោម រឺ ប៉ែកខាងក្រោម សំដៅលើភាគក្រោមនៃទឹកដីខ្មែរដែលត្រូវបានធ្វើអាណានិគម ដោយវៀតណាមរួចទៅហើយក្រោយមកបានប្រែក្លាយ ជាផ្នែកមួយនៃវៀតណាមរហូតមកទល់សព្វថ្ងៃនេះ។ នៅមុនពេលសង្គ្រាមសកលលោកលើកទី១ គេនៅមានកង្វែងគំនិតគ្នាអំពីទីតាំងនគរវ្នំនៅឡើយ។ មានអ្នកប្រាជ្ញមួយចំនួនដូចជាលោកវីលផ្វដ (Wilford) លោកថាវ្នំស្ថិតនៅត្រង់ប្រទេសម៉ាឡេ។ លោកអា.រ៉ែមមុសាត (A.Remusat) លោកថាវ្នំជាអាណាខេត្តរបស់ចិន ស្ថិតនៅត្រង់តុងកឹង។ លោកខ្លាបផ្រថ (Klaproth) និង ផូសៀ (Pauthier) ថាវ្នំត្រូវនឹងដែនដីបាគូ និងប្រទេសភូមា។ លោកដឺឃ្វីនណេស (Dequines) ថាត្រូវនឹងកោះមួយនៅខាងលិចប្រទេសសៀម។ ឯលោកបាថ (Barth) ថាត្រូវនឹងឆ្នេរសមុទ្រតៈនាវឝ្រី ក្រៅពីនេះអ្នកសិក្សាឯទៀតយល់ថាវ្នំស្ថិតនៅត្រង់ប្រទេសខ្មែរ រឺ ប្រទេសសៀម។ ដើម្បីឲ្យអស់ចំងល់ចំពោះទីតាំងរបស់វ្នំ យើងនឹងលើកយកឯកសារចិនយកមកពិនិត្យឡើងវិញ។ ឯកសារចិនបានផ្ដល់ព័ត៌មានដូចតទៅ៖
១. វ្នំមានចំងាយ ៣០០០ លី ខាងលិចប្រទេសលីនយី (ចាម្ប៉ា) 
២. វ្នំមានចំងាយ ៧០០០ លី ពី ចេណាន (Jenan) (តុងកឹង) 
៣. វ្នំមានទំហំ ៣០០០ លី ក្រោយពង្រីកធំដល់ ៥០០០ រឺ ៦០០០ លី 
៤. វ្នំស្ថិតនៅក្នុងឈូងសមុទ្រធំមួយ 
៥. មានទន្លេធំមួយហូរពីខាងលិច (ឯកសារខ្លះពាយព្យ) ហើយចាក់ទៅសមុទ្រ។ បើសិនគិតថា ១ លី ប្រវែង ៥៧៦ មាត្រ ចំងាយពីលីនយីមកវ្នំមាន ១៧២៨ គ.ម គឺត្រូវនឹងប្រទេសខ្មែរសព្វថ្ងៃនេះ កម្ពុជាក្រោម និងប្រទេសថៃកណ្ដាល។ ឈូងសមុទ្រក្នុងឯកសារចិនគឺជាឈូងសមុទ្រថៃ ឯទន្លេធំដែលហូរចាក់ទៅ ក្នុងសមុទ្រគឺគ្មានអ្វីក្រៅពីទន្លេមេគង្គ រឺ បើនិយាយឲ្យចំទៅគឺទន្លេសាបនឹងឯង។ សរុបសេចក្ដីមកឃើញថាមជ្ឈមណ្ឌលវ្នំ ស្ថិតនៅត្រង់វាលទំនាបខាងក្រោមនៃទន្លេមេគង្គ។ ត្រង់នេះអ្នកសិក្សាហាក់ដូចជាយល់ស្របគ្នា ហើយតែចំណុចមួយទៀតដែលអ្នកសិក្សានៅមិនហ៊ានអារកាត់នៅឡើយ គឺរឿងរាជធានីដំបូងរបស់វ្នំ។ បើតាមសិលាចារឹកសម័យក្រោយៗមកទៀតបានឲ្យដឹងថាក្រុង វ្យាធបុរ (បុរីនៃស្ដេចទាក់ដំរី) ដែលអ្នកប្រវត្តិវិទូចាត់ទុកថាជារាជធានីមួយរបស់នគរវ្នំ។ ចិនហៅរាជធានីនេះថា តូមូ ដែលលោកសឺដេសថាត្រូវនឹងពាក្យខ្មែរបុរាណថាទ្មាក់ រឺ ទល្មាក់ (អ្នកទាក់ដំរី)។ លោកយល់ទៀតថា ក្រុងវ្យាធបុរនេះស្ថិតនៅម្ដុំបាភ្នំនិងបាណាមក្នុងខេត្តព្រៃវែងសព្វថ្ងៃ។ ព្រះភិក្ខុប៉ាង-ខាត់ក៏មានព្រះយោបល់ដូច្នេះដែរ។ ព្រះអង្គបានសរសេរថា រាជធានីវ្យាធបុរ តាំងនៅតំបន់បាភ្នំទំនងជានៅភ្នំខ្សាច់បច្ចុប្បនេះ ព្រោះគេបានរកឃើញបុរាណដ្ឋាននិងបុរាណទេវរូបជាច្រើននៅទីនោះ។ សិលាចារឹកមួយនៅវត្តចក្រឹតនៅជើងភ្នំ ពីស.វ.ទី១០ បាននិយាយពីការកសាងទេវរូបព្រះឥសូរហៅថា អទ្រិវ្យាធបុរេឝ្វរ តំកល់នៅទីនោះ។ គួរកត់សំគាល់ម្យ៉ាងទៀតថា នៅតំបន់បាភ្នំឈើកាច់សព្វថ្ងៃនេះមានភូមិជាច្រើនដែលមានឈ្មោះទាក់ទងនឹងដំរី គឺភូមិ រោងដំរី ក្បាលដំរី និងព្រៃដំរី។ តើយើងអាចកត់សំគាល់ថាឈ្មោះទាំងនេះ ជាអនុស្សាវរីយ៍រំលឹកដល់ ទីតាំងរាជធានីអាណាចក្រវ្នំបានទេ? តាមពង្សាវតាររាជវង្សលាំង ក្រុងនេះស្ថិតនៅប្រហែល ២០០ លី ពីសមុទ្រ បើគិតទៅគឺត្រូវនឹងចំងាយពីបាភ្នំទៅ អូរកែវ ដែលជាកំពង់ផែមួយរបស់វ្នំ។ នៅពេលសង្គ្រាមលោកលើកទីពីរ លោកល្វីស-ម៉លឡឺរ៉េត (Louis Malleret) អ្នកប្រាជ្ញបារាំងបានធ្វើកំណាយផ្សេងៗក្នុងដែនដីសណ្ដទន្លេមេគង្គ ហើយបានរកឃើញរមណីយដ្ឋាន អូរកែវនេះដែល លោកចាត់ទុកថាជាកំពង់ផែធំរបស់វ្នំ ព្រោះនៅទីនោះគឺនៅខាងត្បូងភ្នំបាថេ ខេត្តក្រមួនស គេបានជីករកឃើញខឿនសំណង់ផ្សេងៗព្រមទាំងវត្ថុផ្សេងទៀតជាច្រើន ខ្លះមកពីចក្រភពរ៉ូម ខ្លះទៀតមកពីប្រទេសឥណ្ឌា និងខ្លះទៀតជាវត្ថុធ្វើពីថ្មរំលីង។ ដោយហេតុនេះហើយបានជាមានមតិខ្លះថាអូរកែវជារាជធានីដំបូងរបស់វ្នំ។ ប៉ុន្តែអ្នកប្រាជ្ញខ្លះទៀតយល់ឃើញផ្សេង ដូចលោកហ្សង់-បូអ៊ីសេលី (Jean Boisselier) យល់ថារាជធានីវ្នំស្ថិតនៅត្រង់វាលទំនាបខាងក្រោមទន្លេមេណាមវិញ ដោយសំអាងលើការរកឃើញរូបសំណាកខ្លះដែលធ្វើពីដីឥដ្ឋ។ បើតាមលោកគិតថារបស់នេះធ្វើនៅក្នុងស្រុកមិនមែនជារបស់យកពីក្រៅឡើយ។ ប៉ុន្តែអ្នកប្រាជ្ញបារាំងរូបនេះយល់ដែរថា នៅចុងសម័យវ្នំរាជធានីត្រូវបានប្ដូរទៅតាំង នៅម្ដុំនៅជិតពាមទន្លេមេគង្គខាងត្បូងប្រទេសកម្ពុជា។[១២] មានកំណត់ត្រាជាច្រើនជាភាសាចិន ដែលចុះកាលបរិច្ឆេទពីសតវត្សទី៣ផ្ដើមជាមួយ សានគ័រជី 三國志 (តំរានគរបី) ដែលបានបញ្ចប់បង្ហើយនៅឆ្នាំ ២៨៩ នៃ គ.ស ដោយលោក ឆឹនឝូវ 陳壽 (២៣៣-២៩៧) ក្នុងនោះមានអង្គទូតតែពីរប៉ុណ្ណោះទេដែលមកពីនគរវ្នំអំឡុងសតវត្សទី៣ត្រូវបានកត់ត្រាថា៖ អង្គទូតលើកទីមួយចូលទៅកាន់សំណាក់លោកហ្លីតាយ 呂待 ចៅហ្វាយខេត្តនៅភាគខាងត្បូងនៃនគរអ៊ូ 吳 ចិន ប្រ.រវាងឆ្នាំ ២២៥ និង ២៣០ គ.ស លើកទី២នៅឆ្នាំ ២៤៣។[១៣] ក៏ប៉ុន្តែប្រភពក្រោយៗទៀតដូចជា លាំងឝ៊ូ 梁書 (ក្រាំងលាំង) ដោយលោកហ្យ៉ោឆា 姚察 (៥៣៣-៦០៦) និង ហ្យ៉ោហ្ស៊ឺហ្លៀន 姚思廉 (ម.៦៣៧) ដែលបានបញ្ចប់នៅឆ្នាំ ៦៣៦ បញ្ជាក់ថាគណៈទូតនៃពួកបេសកជនចិន លោកខាងថាយ 康泰 និង ជូយិង (Zhū Yīng 朱應) ថាជាបេសកជនទៅកាន់នគរវ្នំនៅសតវត្សទី៣។

About Unknown

Unknown
Recommended Posts × +

0 comments:

Post a Comment

រាប៊ី ប្រតិកម្ម​នឹង​គេ​ថា នាង​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្ដួល ពេជ្រ សោភា

ខណៈ​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ នៅ​ថ្ងៃ​នេះ ស្រី​ស្រស់ រ៉ាប៊ី បាន​ចេញ​មុខ​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​ថា នាង​ត្រូវ​បាន​ផលិតកម្ម​ប្រើ​ជា​អាវុធ...