តារាចម្រៀងរ៉េប នេន ទុំ ត្រៀមចាប់ដៃជាមួយ ពូឃ្លាំង ឡើងវិញ ដើម្បីបង្កើតចង្វាក់រ៉េបថ្មី និងបម្រើអារម្មណ៍ទស្សនិកជន។ ការចាប់ដៃគូជាថ្មីនេះ បន្ទាប់ពី DJ ទាំងពីរ បានចែកផ្លូវគ្នាប្រមាណជាង ៤ឆ្នាំ នៅពេល ពូឃ្លាំង រៀបការភរិយា នៅខេត្ត ព្រះសីហនុ។ ឌីជេ នេន ទុំ និយាយថា ទាំងលោក ពូឃ្លាំង ពិតជាសប្បាយរីករាយនៅពេលផ្ដើមចាប់ដៃគូជាថ្មីដូច្នេះ។ លោកជឿជាក់ថា ការចាប់ដៃគូជាថ្មីនេះ នឹងជាធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ដូចដែលពួកគេធ្លាប់ធ្វើនាពេលកន្លងមក។

ម្ចាស់បទ «ស្ករទាញឡើងកូដ» រូបនេះ បន្តថា បទចម្រៀងជាច្រើនបទជាចង្វាក់រ៉េប លោក និងពូឃ្លាំង កំពុងស្រាក់សស្រាំធ្វើ ដើម្បីផ្គាប់ចិត្តដល់ទស្សនិកជន ដែលត្រៀមចេញលើទីផ្សារនៅក្រោយចូលឆ្នាំប្រពៃណីជាតិរួច។

ការចេញក្រោយពិធីចូលឆ្នាំប្រពៃណីជាតិ ព្រោះតែលោកចង់ទុកពេលវេលាឱ្យបានយូរបន្តិច ដើម្បីស្វែងរកអ្វីដែលថ្មី និងប្លែក ហើយអាចឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង។ ឌីជេ នេន ទុំ ទទួលស្គាល់ថា បច្ចុប្បន្នពិតជាមានអ្នកចម្រៀងថ្មីៗ ក្មេងៗ ដែលមានស្នាដៃខាងផ្នែករ៉េបនេះ។ តែយ៉ាងណាលោកហាក់មិនសូវខ្វល់ឡើយសម្រាប់ទីផ្សារនៃការចាប់ដៃគូជាថ្មីជាមួយ ពូឃ្លាំង ព្រោះតែម្នាក់ៗមានបទពិសោធន៍ច្រើនឆ្នាំដូចគ្នាលើចម្រៀងរ៉េបនេះ។ ឌីជេ នេន ទុំ បានហក់ចូលលើវិស័យចម្រៀងរ៉េបនេះជាង ១១ឆ្នាំមកហើយ ដោយទទួលការគាំទ្រជាច្រើនពីទស្សនិកជន។ ជាពិសេសអំឡុងពេលលោកចាប់ដៃគូជាមួយ ពូឃ្លាំង ទីផ្សារចម្រៀងរបស់លោក ហាក់មានសន្ទុះជាខ្លាំង។ ដោយមើលឃើញដូច្នេះហើយ ទើបលោកចាប់ដៃគូជាមួយ ពូឃ្លាំងឡើងវិញ ក្រោយពីសម្រេចិត្តប្រឡូកចូលវិស័យចម្រៀងឡើងវិញ៕
អត្ថបទៈ ចរិយា
0 comments:
Post a Comment